ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា ឱ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។ នេះបើតាមសេចក្តីអំពាវនាវរបស់ក្រសួងចុះផ្សាយ នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ ។
ក្រសួងទេសចរណ៍ បានឱ្យដឹងថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។
ក្នុងដំណាក់កាលអន្តរកាលនៃការរង់ចាំ ស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យបានកាន់តែប្រសើរជាងមុន និងលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការអាជីវកម្មចាបពី១០ឆ្នាំឡើងទៅ។
ក្រសួងទេសចរណ៍ បានបន្ថែមថាម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិដើម្បីអាចបង្កើនលទ្ធភាពទទួលបានការវាយតម្លៃចំណាក់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន។
គួរបញ្ជាក់ថា ដោយសារតែការផ្ទុះឡើងនៃកូវីដ ១៩ រដ្ឋាភិបាលកម្ពុជាបានប្រកាសពីការលើកលែងពន្ធលើអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបរយៈពេល ៤ ខែ ដែលជាវិធានការបន្ទាន់មួយដើម្បីជួយទ្រទ្រង់ និងរក្សាលំនឹងដល់វិស័យទេសចរណ៍ដែលកំពុងធ្លាក់ចុះក្នុងខេត្តនេះ ៕
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ